ក្មេងស្រីវ័យ ១០ឆ្នាំមួយរូបឈ្មោះ Eva ឈ្នះបាននូវអាហារូបករណ៍ដែលបង្កើតឡើងសម្រាប់សិស្សបណ្ឌិត បន្ទាប់ពីគោលបំណងរបស់នាងបានដឹងឮទៅដល់អ្នកបង្កើតកម្មវិធីអាហារូបករណ៍នេះ។
ក្មេងស្រីសញ្ជាតិបារាំងខាងលើនេះបានដាក់ពាក្យស្នើសុំអាហារូបករណ៍ពីកម្មវិធី Summer Innovation Fellowship បង្កើតឡើងដោយភ្នាក់ងារឌីជីថល Five by Five ដោយនាងបានសូមឲ្យពួកគេជួយលើគម្រោងការនាង ដោយចង់បង្កើតរ៉ូបូតដែលអាចបង្កើតគំនូរលើដងផ្លូវបាន។
Eva បានសរសេររៀបរាប់លើពាក្យស្នើសុំដូចនេះថា៖ “ដងផ្លូវនៃទីក្រុងប៉ារីសមើលទៅដូចកម្សត់ណាស់។ ខ្ញុំចង់បង្កើតរ៉ូបូតមួយដែលអាចធ្វើឲ្យដងផ្លូវទាំងនោះប្រែជារីករាយបាន។ ខ្ញុំកំពុងចាប់ផ្ដើមរៀនសរសេរកូដលើរ៉ូបូត Thymio ប៉ុន្តែខ្ញុំជួបប្រទះបញ្ហាខ្លះ។ ខ្ញុំចង់ចូលរួមកម្មវិធីអាហារូបករណ៍ ដូចនេះអ្នកបង្ហាត់បង្ហាញនឹងអាចជួយខ្ញុំបាន”។
បន្ទាប់ពីឃើញការរៀបរាប់នេះ Kat Borlongan ស្ថាបនិកភ្នាក់ងា Five by Five បានសរសេរតបទៅវិញថា៖ “ខ្ញុំសរសេរទៅកាន់ប្អូនដោយផ្ទាល់ព្រោះថាពាក្យស្នើសុំរបស់ប្អូនធ្វើឲ្យខ្ញុំរំភើបយ៉ាងខ្លាំង។ ប្អូនបាននិយាយដោយបើកចំហថាមានបញ្ហាជាមួយរ៉ូបូត ហើយត្រូវការជំនួយ។ នេះជាការទទួលស្គាល់ដ៏ក្លាហានមួយ ហើយវាជំរុញឲ្យពួកយើងព្រមទទួលយកគម្រោងការប្អូន”។
ក្រៅពីបានសុំជំនួយ Eva បានបង្កើតឧបករណ៍បច្ចេកវិទ្យាដ៏វៃឆ្លាតមួយរួចមកហើយ។ នាងបានព្រីន 3D នូវកង់ និងកន្លែងដាក់ដីសសម្រាប់រ៉ូបូត Thymio របស់នាង ហើយបានសរសេរកូដបញ្ជាឲ្យរ៉ូបូតនោះគូររូបរាងផ្កាយថែមទៀតផង៕
0 comments: