គណៈគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយរបស់ចិនបានចោទប្ដឹងក្រុមហ៊ុន Apple ដោយអះអាងថា Apple បានរំលោភបំពានសិទ្ធផ្សាយតាមអនឡាញនូវភាពយន្តរបស់ខ្លួនដែលមានចំណងជើងថា “Xuebo Dixiao” ។
គណៈគ្រប់គ្រងបញ្ជាក់ថា Apple បានរំលោភបំពានដោយអនុញ្ញាតឲ្យទស្សនិកជនទស្សនាភាពយន្ត “Xuebo Dixiao” នៅលើកម្មវិធីឈ្មោះ “Youku HD” ដែលទាញយកបានតាមរយៈ App Store របស់ Apple។ មិនមែនមានតែ Apple ទេដែលត្រូវបានប្ដឹង គឺរួមទាំង Youku ប្រព័ន្ធទស្សនាវីដេអូតាមអនឡាញរបស់ចិនថែមទៀតផង។
តាមសេចក្ដីថ្លែងការរបស់សាលាក្ដីក្រុងប៉េកាំងឲ្យដឹងថា គណៈគ្រប់គ្រងបានទាមទារឲ្យក្រុមហ៊ុនជាប់ចោទទាំងពីរបញ្ឈប់សកម្មភាពផ្សព្វផ្សាយភាពយន្តភ្លាមៗ ហើយក្រុមហ៊ុនទាំងពីរត្រូវបង់ថ្លៃជំងឺចិត្តចំនួន ៧៥០០ ដុល្លារថែមទៀតផង។ លើសពីនេះត្រូវបង់ថ្លៃ ៣០០០ ដុល្លារលើកម្រៃសេវាផ្នែកច្បាប់ផងដែរ៕
បញ្ជាក់ថារឿងក្ដីខាងលើនៅមិនទាន់សម្រេចសាលក្រម ដោយគេគ្រោងនឹងធ្វើការស៊ើបអង្កេតឲ្យបានស៊ីជម្រៅបន្ថែមទៀត៕
Source: SB
0 comments: