ខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេស Jamie Vardy បានព្រមបន្តកុងត្រាជាមួយក្លឹបជើងឯក Premier League កញ្ជ្រោងខៀវ Leicester City ចំនួន៤ឆ្នាំទៀត។ នេះបើតាមក្លឹបប្រកាសឲ្យដឹង មុននេះបន្តិច។
Jamie Vardy តារាឆ្នើមក្រុម Leicester City
កីឡាករវ័យ២៩ឆ្នាំរូបនេះ គឺជាគោលដៅដ៏ធំរបស់ក្រុមកាំភ្លើងធំ Arsenal ដែលចង់បានខ្លាំងបំផុត នៅមុន Euro 2016 ប៉ុន្តែពួកគេ មិនអាចចុះកុងត្រានាំយកអតីតខ្សែប្រយុទ្ធក្រុម Fleetwood ឲ្យរួចរាល់ មុនពេលកីឡាករឆ្នើមរូបនេះ ចាកចេញជាមួយក្រុមជម្រើសជាតិអង់គ្លេសទៅប្រទេសបារាំង ដើម្បីលេង Euro។
ក្លឹប Leicester បានចេញសេចក្ដីថ្លែងការណ៍ នៅថ្ងៃព្រហស្បតិ៍នេះថា៖ “ថ្ងៃនេះក្លឹប Leicester City បានព្រមព្រៀងជាមួយអ្នកតំណាងកីឡាករ Jamie Vardy (ភ្នាក់ងារ) ដើម្បីពង្រីកកិច្ចសន្យាកីឡាករជម្រើសជាតិអង់គ្លេសរូបនេះ ជាមួយក្រុមជើងឯក Premier League ចំនួន៤ឆ្នាំទៀត។ សង្ឃឹមថា ការប្រកាសនេះ នឹងបញ្ចប់ភាពមន្ទិលសង្ស័យទាំងឡាយ ចំពោះអនាគតរបស់ Vardy”។
Vardy កាលស៊ុតចូលវែល ជួយអង់គ្លេសឈ្នះ ២-១
Vardy ស៊ុតឲ្យអង់គ្លេសបាន១គ្រាប់នៅ Euro 2016 អំឡុងការប្រកួតដែលឈ្នះវែល ២-១ និងបានជួយឲ្យក្រុមលោក Roy Hodgson ឡើងទៅវគ្គ១៦ក្រុមចុងក្រោយ ប៉ះអ៊ីស្លង់ផងដែរ៕
Source: Sabay News
0 comments: