Lionel Messi បានសម្រេចចិត្តដ៏គួរឲ្យភ្ញាក់ផ្អើលចូលនិវត្តន៍ពីក្រុមជម្រើសជាតិភ្លាមៗ បន្ទាប់ពីរូបគេទាត់បាល់ប៉េណាល់ទីគ្រាប់ដំបូងមិនចូលហើយអាហ្សង់ទីនត្រូវចាញ់វគ្គផ្តាច់ព្រ័ត្រ Copa America សារជាថ្មីក្រោមថ្វីដៃ សត្រូវចាស់ ក្រុមជម្រើសជាតិឈីលី។
“សម្រាប់ខ្ញុំការលេងឲ្យជម្រើសជាតិគឺដល់ទីបញ្ចប់ហើយ។ ខ្ញុំបានព្យាយាមគ្រប់បែបយ៉ាងដែលខ្ញុំអាចធ្វើបាន។ វាពិតជាឈឺចាប់ដែលមិនបានក្លាយជាជើងឯក”។ កីឡាករវ័យ២៩ឆ្នាំបានប្រាប់ក្នុងកិច្ចសម្ភាសន៍ដូច្នេះ។
តារាឆ្នើមមកពីក្លឹប Barcelona បាត់បង់ឱកាសលើកពានធំៗ ជាមួយជម្រើសជាតិ៤ដងមកហើយក្នុងនោះ ចាញ់អាល្លឺម៉ង់នៅវគ្គផ្ដាច់ព្រ័ត្រ World Cup ២០១៤, ចាញ់ ឈីលីនៅវគ្គផ្ដាច់ព្រ័ត្រ Copa America ២ដង និងកាលពីឆ្នាំ២០០៧ គេក៏ជាសមាជិកមួយរូបក្នុងក្រុមជម្រើសជាតិអាហ្សង់ទីនដែលចាញ់ Copa America ក្រោមថ្វីដៃប្រេស៊ីលផងដែរ។
យ៉ាងណាក៏ដោយ ជោគជ័យតែមួយគត់របស់កីឡាករវ័យ២៩ឆ្នាំ ជាមួយអាហ្សង់ទីនគឺជាធ្លាប់ឈ្នះមេដាយមាសកីឡាអូឡាំពិកកាលពីឆ្នាំ ២០០៨។ Messi ស៊ុតបញ្ចូលទីឲ្យជម្រើសជាតិ៥៥គ្រាប់ ជាប់កំណត់ត្រាជា Top Scorer ក្នុងប្រវត្តិសាស្ត្រអាហ្សង់ទីន រីឯនៅ Barcelona វិញគេស៊ុតបាន ៤៥៣គ្រាប់ក្នុងនោះ៣១២គ្រាប់នៅ La Liga ហើយឈ្នះពាន La Liga ៨ដង, Champions League ៤ដង និងពានធំៗជាច្រើនទៀត៕
0 comments: